Bopha Malone for Congress

Donate

បញ្ហា

រយៈកាល​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​តំបន់​របស់​យើង​ពិបាក​នឹង​សម្រេច​ក្តី​សុបិន​នៃ​ជនជាតិ​អាមេរិក ។ បញ្ហា​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​​ចំនួន​មនុស្ស​តិចតួច​​ទទួល​បាន​ការងារ​ដែល​ផ្តល់​ប្រាក់​ខែ​ខ្ពស់, ការ​ពិបាក​រក​ទិញ​ផ្ទះ​ដែល​មាន​តម្លៃ​ថោក​សមរម្យ, ការ​ទទួល​បាន​ការ​អប់រំ​ខ្ពស់ និង ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណភាព ។ ខ្ញុំ​មាន​​បទពិសោធន៍​ផ្ទាល់​ជា​មនុស្ស​ម្នាក់​ដែល​បាន​សម្រេច​ក្តី​សុបិន​នៃ​ជនជាតិ​អាមេរិក និង បាន​ជម្នះ​ការ​លំបាក​ច្រើន​យ៉ាង​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ម្នាក់​​ពី​ប្រទេស​កម្ពុជា​​មក​រស់​នៅ​ប្រទេស​អាមេរិក​កាល​ពី​ខ្ញុំ​ទើប​មាន​អាយុ ៩ ឆ្នាំ ដោយ​គ្មាន​នាំ​អ្វី​មក​ជាមួយ​ក្រៅ​ពី​សម្លៀក​បំពាក់​មួយ​សម្រាប់​ប៉ុណ្ណោះ ។ ខ្ញុំ​នឹង​​ប្រឹងប្រែង​ឲ្យ​​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ធ្វើ​កិច្ចការ​ជា​ប្រយោជន៍​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ ដូច​ដែល​ខ្ញុំ​បាន​ស្វះស្វែង​រក​ការ​ឧបត្ថម្ភ​​សម្រាប់​មនុស្ស​ជា​ច្រើន​ក្នុង​ឋានៈ​របស់​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង​ធនាគារ និង ជា​សកម្មជន​សហគមន៍​មួយ​រូប ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រួសារ​ទាំង​អស់​មាន​លទ្ធភាព​សម្រេច​ក្តី​សុបិន​នោះ​​ដែរ​ ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់ៗ​​មួយ​ចំនួន​ដែល​ខ្ញុំ​នឹង​លើក​ជា​អាទិភាព​នៅ​ឯ​សភា​អាមេរិក​ដើម្បី​ ៖

១. ផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ និង ​ក្នុង​តម្លៃ​​សមរម្យ​ដែល​និស្សិត​មាន​លទ្ធភាព​បង់​

ការ​មាន​លទ្ធភាព​អាច​ទទួល​បាន​ការ​អប់រំ​សាធារណៈ​ដែល​មាន​គុណភាព​ខ្ពស់​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ឱកាស​ឈោង​ចាប់​យក​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​, ជម្រុញ​ឲ្យ​ខ្ញុំ​បោះជំហាន​លើ​វិថី​មួយ​ឆ្ពោះ​ទៅ​កាន់​វិជ្ជាជីវៈ​ប្រកប​ដោយ​ជោគជ័យ និង ​ ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ ។ ​មិន​ថា​ពួក​គេ​ជា​នរណា​ មិន​ថា​គ្រួសារ​ពួក​គេ​រក​បាន​ប្រាក់​ចំណូល​ប៉ុណ្ណា ​ឬ​ពួក​គេ​រស់​នៅ​ទី​ណា​ទេ កុមារ​គ្រប់​គ្នា​គួរ​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ដែល​មាន​គុណភាព​ខ្ពស់ ចាប់​តាំង​ពី​ថ្នាក់​មុន​មត្តេយ្យសាលា​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​ និង ​ថ្នាក់​លើស​ពី​នោះ​ទៀត ។ នោះ​គឺ​ជា​ការ​សន្យា​របស់​ប្រទេស​អាមេរិក ។

សព្វ​ថ្ងៃ​ប្រជាជន​អាមេរិក​ច្រើន​នាក់​កំពុង​រែកពុន​បំណុល​ដ៏​ធ្ងន់​ដែល​ទទួល​បាន​មក​ពី​ប្រាក់​បំណុល​របស់​និស្សិត ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្តេជ្ញា​បង្កើត​ឲ្យ​បាន​​នូវ​ការ​អប់រំ​ថ្នាក់​មហាវិទ្យាល័យ​ដែល​គ្មាន​បំណុល​សម្រាប់​ប្រជាជន​អាមេរិក​គ្រប់​គ្នា ។ ក្នុង​ឋានៈ​ខ្ញុំ​ជា​សមាជិក​គណៈកម្មការ​គ្រប់គ្រង​មហាវិទ្យាល័យ​ម្នាក់​នៃ​មហាវិទ្យាល័យ​ Middlesex Community College ខ្ញុំ​បាន​សង្កេត​ឃើញ​ដោយ​ផ្ទាល់​នូវ​ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់​ការ​អប់រំ​ថ្នាក់​មហាវិទ្យាល័យ​ដែល​ទាមទារ​ការ​ចំណាយ​ប្រាក់​សមរម្យ​ ទៅ​លើ​ជីវិត​និស្សិត​ច្រើន​នាក់​មក​ពី​ក្រុមគ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប ប្រសិន​បើ​គ្មាន​កម្មវិធី​ដូច្នេះ​ទេ​នោះ​ពួក​គេ​ច្បាស់​ជា​មិន​អាច​មាន​លទ្ធភាព​​ចូលរៀន​បាន​ឡើយ ។

២. ផ្តល់​សេវា​ថែទាំ​សុខភាព

សេវា​ថែទាំ​សុខភាព​គឺ​ជា​សិទ្ធិ​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា ពោល​គឺ​មិន​មែន​ជា​ឯកសិទ្ធិ​សម្រាប់​តែ​មនុស្ស​មួយ​ចំនួន​តូច​នោះ​ទេ ។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ចូលរួម​ធានា​ឲ្យ​មាន​សេវា​ថែទាំ​សុខភាព​ជា​សាកល​មួយ​សម្រាប់​ប្រជាជន​អាមេរិក​គ្រប់​គ្នា ដោយ​ចាប់​ផ្តើម​ពី​ការ​ចូលរួម​ការពារ, កែលម្អ និង ពង្រឹង​ច្បាប់​ស្តី​ពី​ការផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​ចុះ​ហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា (Obamacare) ។ រយៈកាល​មួយ​ឆ្នាំ​កន្លង​ទៅ ការ​បំផ្លាញ​ច្បាប់​ Obamacare គឺ​ជា​ល្បែង​នយោបាយ​មួយ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណល់​ ត្រាំ ។ ប៉ុន្តែ​សុខភាព​របស់​មនុស្ស​មិន​មែន​ជា​ល្បែង​លេង​ទេ ជីវិត​មនុស្ស​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ។ គ្រួសារ​ជា​ច្រើន​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​កំពុង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ជ្រើសរើស​​រវាង​ការ​ចំណាយ​ប្រាក់​សង​បំណុល​ផ្ទះ​សម្បែង​ឬ​​ចំណាយ​ប្រាក់​សង​ថ្លៃ​សេវា​ព្យាបាល​ដែល​ជួយ​សង្គ្រោះ​ជីវិត​ពួក​គាត់ ។ អំពើ​បែប​នេះ​​របស់​អ្នក​នយោបាយ​ទាំង​នោះ​គឺ​ជា​អំពើ​អសីលធម៌ និង មិន​អាច​ទទួល​យក​បាន​ឡើយ ។

ខ្ញុំ​មាន​កិត្តិយស​បម្រើ​ការងារ​ជា​សមាជិក​ក្រុមប្រឹក្សា​នាយក​របស់​មន្ទីរពេទ្យ​ Lowell General Hospital ហើយ​ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចការ​ដែល​យើង​បាន​ធ្វើ​ដើម្បី​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព​ខ្ពស់​ដល់​សហគមន៍​នេះ ។ នៅ​ឯ​សភា​អាមេរិក ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​ប្រធានាធិបតី​ដូណល់ ត្រាំ និង សមាជិក​សភា​មក​ពី​គណបក្ស​​សាធារណរដ្ឋ​ ដែល​មាន​បំណង​លុប​ចោល​សេវា​ថែទាំ​សុខភាព​សម្រាប់​ប្រជាជន​អាមេរិក​ដែល​មាន​ប្រាក់​ចំណូល​ទាប ព្រម​ទាំង​មាន​បំណង​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​គ្រប់​គ្នា​ពិបាក​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ ។

៣. បង្កើត​ឡើង​នូវ​គោលនយោបាយ​អន្តោប្រវេសន៍​ប្រកប​ដោយ​យុត្តិធម៌

ខ្ញុំ​មាន​សំណាង​ល្អ​ណាស់​ដែល​បាន​ក្លាយ​ជា​ជន​អន្តោប្រវេសន៍​មួយ​រូប​នៅ​ក្នុង​ប្រទេស​នេះ ព្រម​ទាំង​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​អាច​សម្រេច​គោលដៅ​ជីវិត និង អាច​រស់​នៅ​ក្នុង​ក្តី​សុបិន​នៃ​ជនជាតិ​អាមេរិក ។ ប្រទេស​អាមេរិក​បាន​ផ្តល់​ឲ្យ​គ្រួសារ​ខ្ញុំ​នូវ​ឱកាស​ដ៏​ប្រពៃ​មួយ​នៅ​ពេល​យើង​ត្រូវការ​ជំនួយ ។ ពេល​នេះ​ប្រទេស​អាមេរិក​លែង​ជា​ទី​កន្លែង​ដែល​ផ្តល់​ក្តី​សង្ឃឹម​ និង ជា​ប្រទេស​នាំ​មុខ​គេ​លើ​ពិភព​លោក​ដូច​ពេល​មុន​ទៀត​ហើយ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ និង ​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ។ ជន​ភៀស​ខ្លួន​ជា​ច្រើន​កំពុង​ធ្វើ​ដំណើរ​មក​ប្រទេស​អាមេរិក​ដោយ​ការ​រត់​ភៀស​ចេញ​ពី​អំពើ​ហិង្សា, គ្រោះ​មហន្តរាយ និង ស្ថានភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច ។ ខ្ញុំ​យល់​ច្បាស់​អំពី​ការ​លំបាក​របស់​អ្នក​ទាំង​នោះ ព្រោះ​គ្រួសារ​របស់​ខ្ញុំ​ និង ​រូប​ខ្ញុំ​បាន​រស់​នៅ​ក្នុង​ស្ថានការណ៍​ទាំង​នោះ និង បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ក្រោយ​របប​ខ្មែរ​ក្រហម ។ សហរដ្ឋ​អាមេរិក​អាច​ជា​​កន្លែង​មាន​សុវត្ថិភាព និង រឹង​មាំ​​ ហើយ​ក៏​នៅ​តែ​អាច​បោះដៃ​ជួយ​មនុស្ស​ទាំងឡាយ​ដែល​កំពុង​ត្រូវការ​ជំនួយ​ខ្លាំង​បំផុត​ដែរ ។

ពេល​នេះ​សភា​អាមេរិក​ត្រូវការ​អនុម័តិ​​ច្បាប់​ដើម្បី​ការពារ​ក្រុម​សិស្ស​និស្សិត​ដែល​ជា​កូនចៅ​របស់​ជន​អន្តោប្រវេសន៍​ដែលចូល​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​​គ្មាន​ឯកសារ​ត្រឹមត្រូវ​តាម​ច្បាប់ (Dreamers) ហើយ​សភា​មិន​ត្រូវ​ប្រើប្រាស់​ពួក​គេ​ធ្វើ​ជា​វត្ថុ​ដោះដូរ​ដើម្បី​បាន​ថវិកា​សម្រាប់​សាងសង់​របង​ព្រំដែន​ប្រទេស ឬ​ដើម្បី​អនុម័តិ​ច្បាប់​ថវិកា​ដែល​នឹង​បង្ក​ទុក្ខ​លំបាក​ដល់​គ្រួសារ​ជនជាតិ​អាមេរិក​ឡើយ ។ ខ្ញុំ​ធ្លាប់​ស្គាល់​ការលំបាក​ក្នុង​ពេល​ខ្ញុំ​ធំធាត់​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ឋានៈ​ជា​ជន​អន្តោប្រវេសន៍​​មួយ​រូប ហើយ​ខ្ញុំ​ពិត​ជា​មិន​អាច​រក​អ្វី​មក​ប្រៀបធៀប​ឲ្យ​ស្មើ​នឹង​ទំហំ​នៃ​ការ​លំបាក​ដែល​សិស្ស​និស្សិត​ទាំង​នោះ​កំពុង​រស់​នៅ​ទាំង​ភ័យ​ទាំង​ព្រួយ​នៅ​ក្នុង​ការ​លាក់​ខ្លួន ។

នេះ​​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ដែល​ខ្ញុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រកួតប្រជែង​សម្រាប់​កៅអី​សភា​អាមេរិក​ពេល​នេះ ពោល​គឺ​ក្នុង​បំណង​គាំទ្រ​មតិ​របស់​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​​អាមេរិក​ឲ្យ​មាន​សម្លេង​នៅ​ឯ​សភា​អាមេរិក ។

ចេញ​ផុត​ក្រៅ​ព្រំដែន​ប្រទេស​យើង ពិភពលោក​កំពុង​ប្រឈម​មុខ​ទល់​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​ដែល​មាន​ចំនួន​រាប់​លាន​នាក់​ដែល​កំពុង​រត់​ភៀស​ខ្លួន​ចំណាក​ស្រុក​ដោយសារ​សង្គ្រាម​នៅ​តំបន់​មជ្ឈឹមបូព៌ា, នៅ​ទ្វីប​អាហ្វ្រិក និង នៅ​តំបន់​ភាគ​ខាង​កើត​នៃ​ទ្វីប​អឺរ៉ុប ។ យើង​ត្រូវ​តែ​លើក​យក​វិបត្តិ​នេះ​មក​ពិភាក្សា​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​នីមួយៗ​ទទួល​ខុស​ត្រូវ​ដោះស្រាយ​​បញ្ហា​មនុស្សធម៌​នេះ ។

៤. ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ញៀន​​គ្រឿង​ញៀន​ និង ​ញៀន​សុរា

យើង​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​បញ្ហា​រីករាលដាល​នៃ​ការ​ញៀន​​គ្រឿងញៀន​ និង ​ញៀន​សុរា​ ជា​ពិសេស​វិបត្តិ​នៃ​ការ​ញៀន​នឹង​សារជាតិ​គីមី​ស្រដៀង​នឹង​អាភៀន (opioid crisis) ដោយ​ពង្រីក​ឲ្យ​កាន់​តែ​ទូលំទូលាយ​នូវ​លទ្ធភាព​ទទួល​បាន​សេវា​ការពារ​ និង ​ព្យាបាល, ផ្តល់​ការ​គាំទ្រ​នៅ​ពេល​ជា​សះស្បើយ​ពី​គ្រឿង​ញៀន, ផ្តល់​ការ​គាំទ្រ​ដល់​អង្គការ​ក្នុង​សហគមន៍ និង លើក​កម្ពស់​ការ​អនុវត្តន៍​ដ៏​ប្រសើរ​របស់​វេជ្ជបណ្ឌិត​ដែល​ចេញ​វេជ្ជបញ្ជា​ (better practices by prescribers) ។

ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ជួយ​ប្រជាជន​ប្រហែល​ ២០ លាន​នាក់​ដែល​កំពុង​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​បញ្ហា​ញៀន​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​នេះ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ចាប់​ផ្តើម​​ និង ​គ្រប់គ្រង​ជីវិត​ថ្មី​ប្រកប​ដោយ​សុខុមាលភាព ដោយ​ការ​លើក​ទឹកចិត្ត​ឲ្យ​ពួក​គេ​ព្យាបាល​ខ្លួន​ឲ្យ​ជា​សះស្បើយ​ពី​គ្រឿង​ញៀន និង អាច​ចូលរួម​យ៉ាង​ពេញលេញ​នៅ​ក្នុង​សង្គម​ និង ដោយ​ការ​លុប​បំបាត់​ឧបសគ្គ​ចំពោះ​ការ​រក​ការងារ​ធ្វើ​, ការ​ជួល​ឬ​ទិញ​ផ្ទះ​សម្បែង និង ការ​ទទួល​បាន​ការ​អប់រំ ។ ខ្ញុំ​នឹង​ប្រឹងប្រែង​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​សម្រាប់​សេវា​ថែទាំ​អ្នក​ញៀន​គ្រឿងញៀន និង ធានា​ឲ្យ​មាន​សេវា​ធានា​រ៉ាប់រង​សុខភាព​​ស្មើ​គ្នា​សម្រាប់​បញ្ហា​សុខភាព​ផ្សេង​ទៀត​ផង​ដែរ ។

ការ​ញៀន​គ្រឿងញៀន​ និង ​សុរា​គឺ​ជា​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ហើយ​បញ្ហា​នោះ​​គួរ​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​បែប​នោះ ។ សព្វ​ថ្ងៃ​មនុស្ស​ជា​ច្រើន​ដែល​មាន​បញ្ហា​ញៀន​គ្រឿង​ញៀន​កំពុង​ត្រូវ​បាន​​ផ្តន្ទាទោស​ដោយ​ប្រព័ន្ធ​ក្រមព្រហ្មទណ្ឌ​របស់​យើង​​ជាជាង​ទទួល​បាន​សេវា​​គាំទ្រ​ដែល​ពួក​គេ​ត្រូវការ​ ។​ នៅ​ឯ​សភា​អាមេរិក ខ្ញុំ​នឹង​បោះ​ឆ្នោត​ប្រឆាំង​រដ្ឋបាល​ប្រធានាធិបតី​ដូណល់ ត្រាំ​ ដែល​ជម្រុញ​ឲ្យ​បង្កើន​ការ​ដាក់​ពិន័យ​ចំពោះ​បទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ប៉ុន្តែ​ខ្ញុំ​នឹង​ជម្រុញ​ឲ្យ​មនុស្ស​ទាំង​នោះ​ទទួល​បាន​សេវា​ព្យាបាល​ដែល​ពួក​គេ​កំពុង​ត្រូវការ​យ៉ាង​ខ្លាំង​នោះ​ទៅ​វិញ ។

៥. បង្កើត​ច្បាប់​ពន្ធដារ​ប្រកប​ដោយ​​យុត្តិធម៌

ខ្ញុំ​ស្អប់​ខ្ពើម​យ៉ាង​ខ្លាំង​នូវ​របៀប​ដែល​ព្រឹទ្ធសភា​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​បង្ខំ​ឲ្យ​មាន​ការ​អនុម័តិ​ច្បាប់​ពន្ធដារ​ដ៏​អាក្រក់​ដែល​ប្រគល់​ប្រាក់​រាប់​ពាន់លាន​ដុល្លារ (billions of dollars) ​ទៅ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម និង ពួក​មហាសេដ្ឋី​ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ច្បាប់​នេះ​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​ធ្វើ​ការងារ​ទូទៅ​រង​ទុក្ខ​ទៅ​វិញ ។ ច្បាប់​នេះ​ដាក់​បន្ទុក​បន្ថែម​ទៅ​លើ​បំណុល​ជាតិ​ដោយ​បូក​បន្ថែម​​នូវ​ប្រាក់​បំណុល​រាប់​ទ្រីលាន​ដុល្លារ​ (trillions of dollars) បង្ក​រឿង​កង្វល់​ដល់​ការ​អនុវត្តន៍​ច្បាប់​ Obamacare និង គ្រួសារ​ជា​ច្រើន​ដែល​ពឹង​ផ្អែក​លើ​ច្បាប់​ Obamacare នេះ ហើយ​ច្បាប់​ពន្ធដារ​ថ្មី​នេះ​កំពុង​ធ្វើ​ឲ្យ​ការ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​កាន់​តែ​រំកិល​ឆ្ងាយ​ផុត​ពី​លទ្ធភាព​របស់​និស្សិត​ទូទៅ​ ។

ច្បាប់​ស្តី​អំពី​ការ​កាត់បន្ថយ​ពន្ធដារ​ដែល​ទើប​នឹង​ចុះ​ហត្ថលេខា​ថ្មីៗ​នេះ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​សាជីវកម្ម​ និង ​ពួក​មហាសេដ្ឋី​ច្រើន​ជាង​ផ្តល់​ប្រយោជន៍​ដល់​គ្រួសារ​នៅ​ក្នុង​វណ្ណៈ​កណ្តាល ។ ការ​បញ្ចុះ​អត្រា​ការប្រាក់​ថ្លៃ​​ពន្ធដារ​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​នានានឹង​បង្កើត​បាន​នូវ​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​នានា ប៉ុន្តែ​យើង​មិន​ដែល​ឃើញ​ក្រុមហ៊ុន​សាជីវកម្ម​ទាំង​នោះ​ចែក​រំលែក​ប្រាក់​ចំណេញ​ជាមួយ​និយោជិត​របស់​ពួក​គេ​ឡើយ ។ ក្រុម​គ្រួសារ​របស់​មនុស្ស​នៅ​វណ្ណៈ​កណ្តាល​កំពុង​ព្រួយ​បារម្ភ​អំពី​សេដ្ឋកិច្ច​គ្រួសារ​ និង សេវា​ថែទាំ​សុខភាព​របស់​ពួក​គេ ។ ខ្ញុំ​ចង់​បាន​ច្បាប់​ពន្ធដារ​ដែល​ផ្តោត​ចំណាប់​អារម្មណ៍​ទៅ​លើ​ពួក​គេ​ជា​មុន ។

ពេល​នេះ​ពិត​ជា​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់ យើង​ត្រូវការ​មនុស្ស​នៅ​ឯ​សភា​អាមេរិក​ដែល​ពិត​ជា​អាច​ឈរ​តំណាង​ឲ្យ​គ្រួសារ​នៅ​វណ្ណៈ​កណ្តាល​ និង ​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប ពោល​គឺ​មិន​មែន​តំណាង​ឲ្យ​ក្រុម​ពិសេស​ណា​មួយ​នោះ​ទេ ។

៦. ការពារ​សិទ្ធិ​របស់​ស្ត្រី

ការ​បំពារបំពាន​ និង ​ការ​រំលោភ​ផ្លូវ​ភេទ​ពិត​ជា​អំពើ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ ។ រយៈពេល​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ស្ត្រី​ និង ​បុរស​ច្រើន​នាក់​បាន​ទទួល​រង​ការ​ឈឺ​ចាប់​ដោយ​គ្មាន​ចេញ​វាចា ហើយ​ពេល​នេះ​ជា​ពេល​ដ៏​សំខាន់​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​អាច​និយាយ​ចេញ​នូវ​ការពិត ។ យើង​ចាំបាច់​ត្រូវ​ជឿជាក់​លើ​ស្ត្រី​ដែល​និយាយ​ប្រាប់​យើង​នូវ​រឿងរ៉ាវ​ដ៏​អាក្រក់​ទាំង​នោះ ។ បុគ្គល​ណា​ក៏​ដោយ​ដែល​ប្រើ​អំណាច​នៃ​តួនាទី​ឬ​ឋានៈ​របស់​ខ្លួន​ដើម្បី​រំលោភ​បំពាន​បុគ្គល​ម្នាក់​ទៀត​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​កាន់​តំណែង​នោះ​ទៀត​ឡើយ ។

ស្ត្រី​ទាំង​ឡាយ​​ដែល​មាន​ផ្ទៃ​ពោះ​ក្រៅ​ឆន្ទៈ​របស់​ខ្លួន​ ចាំ​បាច់​ត្រូវ​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ទទួល​បាន​សេវា​រំលូត​កូន ។ រដ្ឋាភិបាល​មិន​មាន​តួនាទី​អ្វី​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ខាង​ការ​ថែទាំ​សុខភាព​ប្រភេទ​នោះ​ឡើយ ។

“បញ្ហា​របស់​ស្ត្រី” ជា​ញឹកញាប់​គឺ​មាន​មូលហេតុ​មក​ពី​សន្តិសុខ​​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី (women’s economic security) ។ ស្ត្រី​ទាំងឡាយ​ត្រូវតែ​អាច​បំពេញ​កិច្ចការ​ផ្សេងៗ​ដោយ​មិន​ភ័យ​ព្រួយ​អំពី​ការ​បំពារបំពាន​ខាង​ផ្លូវ​ភេទ ។ ពួក​គាត់​ត្រូវ​តែ​អាច​រៀបចំ​ផែនការ​គ្រួសារ​គាត់​ឲ្យ​ស្រប​ទៅ​តាម​វិជ្ជាជីវៈ, ការ​អប់រំ​របស់​ពួក​គាត់, សុខភាព និង អ្វីៗ​ដែល​​ជា​ការ​ប្រសើរ​សម្រាប់​គ្រួសារ​គាត់ ។ ពួក​គេ​ត្រូវការ​ប្រាក់ខែ​ស្មើ​គ្នា​នឹង​បុរស​ដែរ​សម្រាប់​ការ​គាំទ្រ​គ្រួសារ​គាត់ ។ សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​ល្អ​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​សហគមន៍​របស់​យើង​រឹងមាំ​ថែម​ទៀត​ផង​ ។ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​នៅ​ក្នុង​បញ្ហា​ទាំង​នេះ​តាម​រយៈ​តួនាទី​របស់​ខ្ញុំ​នៅ​ក្នុង​អង្គការ​ Girls Inc និង ​អង្គការ Women Working Wonders ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ជា​អ្នក​ជួយ​លើក​តម្កើង​ស្ត្រី​នៅ​ឯ​សភា​អាមេរិក​ទៀត ។

៧. ប្រឆាំង​នឹង​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

សហរដ្ឋ​អាមេរិក​គួរ​តែ​ដើរ​តួ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ។ មនុស្ស​ជំនាន់​យើង​ត្រូវ​តែ​ពួត​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​យើង​ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ។ យើង​មិន​ត្រឹមតែ​ប្តេជ្ញា​ថា​នឹង​សម្រេច​គោលដៅ​របស់​យើង​តាម​ការ​កំណត់​នៅ​ឯ​កិច្ច​ព្រមព្រៀង​ប៉ារីស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​ព្យាយាម​សម្រេច​ឲ្យ​បាន​លើស​ពី​គោលដៅ​នោះ​ទៀត ហើយ​យើង​នឹង​ជម្រុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នោះ​ដោយ​ការ​កាត់បន្ថយ​អត្រា​នៃ​ការ​បំពុល​បរិស្ថាន​ដោយសារ​ឧស្ម័ន​កាបូនិច (CO2) និង កាត់​បន្ថយ​ឲ្យ​បាន​យ៉ាង​ឆាប់​បំផុត​នូវ​ការ​បំពុល​បរិស្ថាន​ដោយ​ការ​បញ្ចេញ​ចោល​ក្នុង​បរិស្ថាន​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ (greenhouse gases) ដ៏​គ្រោះថ្នាក់ ។

៨. ទប់ស្កាត់​អំពើ​ហិង្សា​ដោយសារ​កាំភ្លើង

នៅ​ក្នុង​ប្រទេស​នេះ មាន​កាំភ្លើង​ច្រើន​ហួស​កម្រិត ។ រៀង​​រាល់​ឆ្នាំ ជនជាតិ​អាមេរិក​​ចំនួន ៣៣០០០ នាក់​​បាន​​ស្លាប់​ដោយសារ​កាំភ្លើង​ ។ នៅ​ទី​បំផុត ជាមួយ​នឹង​តួលេខ​នេះ​​យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ដ៏​សមហេតុផល​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ដោយសារ​កាំភ្លើង​នេះ ។

សកម្មភាព​នេះ​រួម​បញ្ចូល​នូវ​ការ​ពង្រីក​ និង ​ពង្រឹង​ការ​ត្រួតពិនិត្យ​ប្រវត្តិ​របស់​អ្នក​ទិញ​កាំភ្លើង និង កែ​លម្អ​ចំណុច​ខ្វះខាត​​ដ៏​គ្រោះថ្នាក់​ទាំង​ឡាយ​នៅ​ក្នុង​ច្បាប់​ជាធរមាន​ទាំង​អស់ និង ហាមឃាត់​ការលក់​ និង ​ទិញ​កាំភ្លើង​ស្វ័យប្រវត្តិ​ឬ​ពាក់កណ្តាល​ស្វ័យប្រវត្តិ និង ​ អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម​ប្រភេទ​ផ្សេងទៀត ។ យើង​ត្រូវ​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធានា​ថា​កាំភ្លើង​នឹង​មិន​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ពួក​ភេរវជន​, ជនប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ, ឧក្រិដ្ឋជន​​ឃោរឃៅ និង ​បុគ្គល​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ។ មិន​មាន​ការ​សិក្សា​ស្រាវជ្រាវ​គ្រប់គ្រាន់​អំពី​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​គ្រប់គ្រង​កាំភ្លើង​ទេ​ ។ ដូច្នេះ​មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​ទប់ស្កាត់​ និង ​ការ​ការពារ​ជំងឺ​ឆ្លង​ (U.S. Centers for Disease Control and Prevention) ត្រូវ​តែ​ទទួល​បាន​ធនធាន​ដែល​គេ​ត្រូវការ​ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​អំពើ​ហិង្សា​ដោយសារ​កាំភ្លើង​ថា​ជា​​បញ្ហា​ខាង​សុខភាព​សាធារណៈ​មួយ​ ។ រដ្ឋបាល​ប្រធានាធិបតី​ដូណល់​ ត្រាំ បាន​ប្រឆាំង​នឹង​សំណើ​កម្មវិធី​នេះ ដោយសារ​ពួក​គេ​ទទួល​យក​យោបល់​របស់​សមាគម​ជាតិ​នៃ​អ្នក​កាន់​កាំភ្លើង (NRA) ។

៩. លើក​កម្ពស់​ការ​ការពារ​សិទ្ធិ​មនុស្ស

សហរដ្ឋ​អាមេរិក​​ត្រូវតែ​ប្រជែង​យក​មក​វិញ​ឲ្យ​បាន​នូវ​ឋានៈជា​មេដឹកនាំ​ពិភពលោក​​ដែល​យើង​បាន​បាត់បង់​ក្នុង​រយៈកាល​កន្លង​ទៅ យើង​ត្រូវ​លើក​តម្កើង​គុណតម្លៃ​នៃ​សេរីភាព និង ភាព​អត់ធ្មត់​នៅ​ទូទាំង​ពិភពលោក ។ ខ្ញុំ​នឹង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បីជម្រុញ​សន្តិភាព, ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង តស៊ូ​ប្រយុទ្ធ​ដើម្បី​ជួយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងឡាយ​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​អស់ ។ ខ្ញុំ​នឹង​ប្រយុទ្ធ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង ដោយ​ចំហ​នៅ​ប្រទេស​កម្ពុជា និង នៅ​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក ។​

Support Bopha’s Campaign

Donate now